Header Ads

ព្រាប សុវត្ថិ ដើរ​ចេញ​ពី​ហង្សមាស?

20140421_28ភ្នំពេញៈ បន្ទាប់ពី​បែកធ្លាយ​ដំណឹង​នៃ​ការ​ត្រៀម​ដើរ​ចេញ​ពី​ផលិតកម្ម​រស្មី​ហង្សមាស របស់​តារាចម្រៀង ព្រាប សុវត្ថិ ទៅ​ចូល​ផលិតកម្ម​ថោន កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​នោះ នៅពេល​នេះ​ទស្សនិកជន​កំពុង​ទន្ទឹង​រង់​ចាំ​មើល​ថា តើ ព្រាប សុវត្ថិ ពិត​ជា​ចាកចេញ​ទៅ​ផលិតកម្ម​ថោន មែន ឬ​ក៏​តារា​រូប​នេះ​នៅ​តែ​រក្សា​ជំហរ​រស់​នៅ​ទ្រនំ​ដដែល ខណៈ​ពេល​នេះ ប្រភព​ច្បាស់​ការណ៍​មួយ​បាន​បញ្ជាក់​ថា ព្រាប សុវត្ថិ កំពុង​រារែក ដោយសារ​តែ​តារា​រូប​នេះ​បាន​ត្រៀម​បង្វេច​ដើរ​ចូល​ផលិតកម្ម​ថោន​ហើយ តែ​បែរ​ជា​ផលិតកម្ម​រស្មី​ហង្សមាស ព្យាយាម​ចរចា​ជាមួយ​តារា​រូប​នេះ​ជាថ្មី​ម្តង​ទៀត។
តាមរយៈ​ដំណឹង​ទើប​តែ​ធ្លាយចេញ​មួយ​នោះ​បាន​ឲ្យ​ដឹង​ថា តារាចម្រៀង​លោក ព្រាប សុវត្ថិ គ្រោង​នឹង​ដើរ​ចេញ​ពី​ផលិតកម្ម​រស្មី​ហង្សមាស​ជា​ផ្លូវការ​ហើយ​នៅពេល ខាង​មុខ​ដ៏ខ្លី ហើយ​លោក​នឹង​ត្រូវ​បាន​ផលិតកម្ម​ថោន ដែល​មាន​វ័យក្មេង​ខ្ចី​ជាង​គេ​បើក​ទ្វារ​ចាំ​ទទួល​ដៃ​ពីរ​។
តាម​ប្រភព នោះ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​តារាចម្រៀង ព្រាប សុវត្ថិ ឈាន​ជើង​ចូល​ដល់​ផលិតកម្ម​ថោន​ភ្លាម ថោន នឹង​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដ៏ធំ​មួយ ដើម្បី​បញ្ជាក់​ប្រាប់​ពី​វត្តមាន និង​ផ្តល់​ភាព​កក់ក្តៅ​ដល់​តារាចម្រៀង​រូប​នោះ​។
ទោះ​បី​ជា​មាន​ការ លើក​ឡើង​ពី​ការ​ដើរ​ចេញ​របស់​តារាចម្រៀង​មាន​តម្លៃ​ខ្លួន​ខ្ពស់​ដាច់​គេ លោក ព្រាប សុវត្ថិ ក្តី តែ​ប្រភព​អ្នក​សិល្បៈ​រូប​នោះ​មិន​បាន​បញ្ជាក់​ឡើយ​ថា ការ​ដើរ​ចេញ​នោះ​បណ្តាល​មកពី​មូលហេតុ​អ្វី​នោះ​ទេ ពោល​គឺ​គ្រាន់តែ​ដឹង​តាមរយៈ​ការ​ខ្សឹបខ្សៀវ​សួរ​គ្នា​ប៉ុណ្ណោះ។ តែ​យ៉ាង​ណា​គេ​ដឹង​ថា លោក ព្រាប សុវត្ថិ ទំនង​ជា​អន់ចិត្ត​នឹង​ផលិតកម្ម​រស្មី​ហង្សមាស ដែល​គ្មាន​អ្នក​ផលិត​បទចម្រៀង​ជើង​ចាស់​ណា​ម្នាក់​អាច​ធ្វើ​បទ​ឲ្យ​លោក ច្រៀង​បាន​ល្បី​ដូច​មុន។
ប៉ុន្តែ​ទាក់ទិន​នឹង​ការ​សម្រេច​ចិត្ត​ដើរ​ចេញ របស់​តារាចម្រៀង​រូប​នោះ ប្រភព​ថ្មី​មួយ​ពី​ផលិតកម្ម​រស្មី​ហង្សមាស​បាន​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​មុន​លោក ព្រាប សុវត្ថិ បាន​សម្រេច​ចិត្ត​ច្បាស់ ១០០ ភាគរយ​ថា នឹង​ចេញ​ពី​ហង្សមាស ចូល​ផលិតកម្ម​ថោន តែ​នៅពេល​នេះ អ្វីៗ​កំពុង​ស្ថិត​នៅក្នុង​ភាព​ស្រពេចស្រពិល​នៅ​ឡើយ។ ប្រភព​នោះ​បាន​បញ្ជាក់​ថា ព្រាប សុវត្ថិ ទំនង​ជា​បាន​ចុះ​កុងត្រា​ជាមួយ​នឹង​ផលិតកម្ម​ថោន ហើយ តែ​លោក ព្រាប សុវត្ថិ កំពុង​គិត​សាជាថ្មី នៅពេល​ដែល​ផលិតកម្ម​រស្មី​ហង្សមាស ព្យាយាម​អូសទាញ​លោក​មក​វិញ។
ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅពេល​នេះ ការ​សម្រេច​ចិត្ត​របស់​លោក ព្រាប សុវត្ថិ កំពុង​ស្ថិត​ក្នុង ៥០ និង ៥០ មាន​ន័យ​ថា នៅ​កណ្តាល​នៅ​ឡើយ លោក​នៅ​រារែក មិន​ទាន់​ដឹង​ថា ត្រូវ​ទៅ​ថោន ឬ​បន្ត​នៅ​ហង្សមាស​នៅ​ឡើយ​។ តែ​យ៉ាង​ណា​មិញ គេ​បាន​ឃើញ​យ៉ាង​ច្បាស់​ថា លោក ព្រាប សុវត្ថិ បាន​ឡើង​ច្រៀង​ជាមួយ​តារា​របស់​ថោន នៅលើ​ឆាក​ប្រគំតន្ត្រី​មួយ​របស់​ផលិត​ថោន​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ថ្មី​ឆ្នាំ​២០១៤​កន្លង​មក​នេះ។
ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ពី​ការ​សម្រេច​ចិត្ត​របស់ លោក ព្រាប សុវត្ថិ ដើរ​ចេញ​ពី​ទ្រនំ​នោះ មុន​នេះ​លោក​ហាក់​ដូចជា​មិន​ចង់​ផ្តល់​ការ​សម្ភាស។
ជុំវិញ​បញ្ហា​នេះ លោក មាស សុខរតនៈ អ្នក​គ្រប់គ្រង​ទូទៅ​នៅ​ផលិតកម្ម​ថោន ក៏​ហាក់​ដូចជា មិន​ចង់​និយាយ​លម្អិត​នោះ​ដែរ។
ប៉ុន្តែ​ទោះបី​យ៉ាង ណា អ្នក​គ្រប់គ្រង​ផលិតកម្ម​រស្មី​ហង្សមាស បាន​ចេញ​មុខ​មក​បញ្ជាក់​ថា ដំណឹង​នៃ​ការ​ត្រៀម​ចាកចេញ​របស់​លោក ព្រាប សុវត្ថិ ពី​ផលិតកម្ម​រស្មី​ហង្សមាស គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​គ្មាន​ការ​ពិត​ប៉ុណ្ណោះ។ លោក អ៊ឹង សុងលាភ បាន​និយាយ​ថា៖ «​អូ! រឿង​ហ្នឹង គឺ​អត់​ពិត​ផង ជា​ពាក្យ​ចចាម​អារ៉ាម…​»។
ជាមួយ គ្នា​នោះ លោក អ៊ឹង សុងលាភ បាន​បញ្ជាក់​ថា តាំងពី​ដើម​កន្លង​មក​រវាង​ផលិតកម្ម​រស្មី​ហង្សមាស និង​លោក ព្រាប សុវត្ថិ មិន​ដែល​មាន​ភាព​ល្អក់កករ​នឹង​គ្នា​ទេ ដូច្នេះ​ក៏​គ្មាន​មូលហេតុ​អ្វី​ដែល​លោក ព្រាប សុវត្ថិ ត្រូវ​ដើរ​ចេញ​ពី​ហង្សមាស ដែរ។
អ្នក​គ្រប់គ្រង​ផលិតកម្ម​រស្មី​ហង្សមាស​រូប​នេះ​បាន​និយាយ​ថា៖ «​យើង​អត់​ដែល​មាន​បញ្ហា​នឹង​គ្នា​ទេ បទចម្រៀង​របស់​គាត់​មាន​ចេញ​លក់​លើ​ទីផ្សារ​ជា​ហូរហែ ហើយ​គាត់​ក៏​ទើប​ចេញ​អាល់​ប៊ុម​ថ្មី​ផង​ដែរ។ ខ្ញុំ​អត់​ដឹង​ថា មាន​ពាក្យ​ចចាមអារ៉ាម​មកពី​ណា​ទេ តែ​យើង​បាន​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​រលូន»។
ទោះបី​យ៉ាង​ណា ការ​ពិត​ថា តើ​លោក ព្រាប សុវត្ថិ ដើរ​ចេញ ឬ​មិន​ដើរ​ចេញ នឹង​បាន​ដឹង​នៅពេល​ដ៏ខ្លី​ខាង​មុខ​នេះ បើ​លោក​ចាកចេញ​មែន ប្រាកដ​ណាស់​នឹង​មាន​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដូច​ការ​លើក​ឡើង។ តែ​បើ​តាម​ប្រភព​ចុងក្រោយ​បញ្ជាក់​ថា ក្រោយ​ចរចា ព្រាប សុវត្ថិ ទំនង​នឹង​មិន​ចាកចេញ​ទេ៕

No comments