កីឡាករតេក្វាន់ដូកម្ពុជា ដណ្ដើមបានមេដាយប្រាក់ ១គ្រឿង នៅប្រទេសនេប៉ាល់
ភ្នំពេញៈ កីឡាករតេក្វាន់ដូរបស់ កម្ពុជាម្នាក់ឈ្មោះថា ប៉ាល់ ជីវ័ន្ដ បានដណ្ដើមមេដាយប្រាក់ ១គ្រឿងឲ្យកម្ពុជា ក្នុងព្រឹត្តិការណ៍នៃ ការប្រកួតកីឡាតេក្វាន់ដូ I.T.F ជ្រើសរើសជើង ឯកអាស៊ីលើកទី៧ នៅប្រទេសនេប៉ាល់ ។
យោងតាមប្រភពព័ត៌មាន ដែលបង្ហោះនៅលើ បណ្តាញទំនាក់ទំនងសង្គម Facebook របស់កីឡាករ ប៉ាល់ ជីវ័ន្ដ បានឲ្យដឹងថា ពេលនេះ កម្ពុជា បានទទួលមេដាយប្រាក់ ១គ្រឿងហើយ ក្នុងការប្រកួតកីឡា ជើងឯកអាស៊ីលើកទី៧នេះ ដែលដណ្ដើមបានដោយកីឡាករ ប៉ាល់ ជីវ័ន្ដ តែម្ដង ។ ចំពោះមេដាយមាសវិញ គឺបានទៅកីឡាករមកពី ប្រទេសកូរ៉េខាងជើង ខណៈមេដាយសំរិទ្ធ កីឡាករប្រទេសវៀតណាម ជាអ្នកដណ្ដើមបាន ។
នេះគឺជាជ័យលាភីដ៏អស្ចារ្យ និងគួរជាទីមោទនភាពផងដែរ សម្រាប់កីឡាករ ប៉ាល់ ជីវ័ន្ដ ដែលធ្វើឲ្យប្រទេសកម្ពុជា កាន់តែមានឈ្មោះ ល្បីល្បាញនៅលើឆាកអន្ដរជាតិ ។ គួរបញ្ជាក់ថា ប៉ាល់ ជីវ័ន្ដ ជាអតីតកីឡាករឆ្នើមម្នាក់ ធ្លាប់ដណ្ដើមបាន មេដាយសំរិទ្ធចំនួន ២គ្រឿងក្នុងការប្រកួត ជើងឯកពិភពលោក និងមេដាយប្រាក់ ១គ្រឿង ក្នុងការប្រកួតកីឡា ជើងឯកអាស៊ីលើកទី៥ ៕

Post a Comment