Header Ads

វៀតណាម​ដកខ្លួន ​មិន​ទទួល​រៀបចំ​អាស៊ី​ហ្គេម នៅឆ្នាំ​២០១៩

construction de stade pour asian gameរដ្ឋាភិបាល​វៀតណាម​បាន​ប្រកាស កាលពីថ្ងៃ​ព្រហស្បតិ៍ ទី ១៧​មេសា ថា នឹង​ដកខ្លួន មិន​ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​ទទួល​ល្បែង​អាស៊ីហ្គេម ដែល​វៀតណាម​បាន​ទទួល​សិទ្ធិ​ធ្វើ នៅឆ្នាំ ២០១៩​នោះទេ។ អាជ្ញាធរ​វៀតណាម​បាន​លើកឡើង​ពី​ហេតុផល​វិបត្តិ​ថវិកា ដើម្បី​ពន្យល់​ពីការដកខ្លួន​របស់​វៀតណាម ពី​ការប្រកួត​កីឡា​ប្រចាំ​តំបន់មួយនេះ។
សេចក្តី​រាយការណ៍​របស់​ឈាង បុប្ផា
(02:18)
កាលពី​ឆ្នាំ ២០១២ នៅពេល​ដែល​​វៀតណាម​បាន​ជាប់ឆ្នោត ឲ្យ​​ធ្វើជា​ម្ចាស់​ផ្ទះ ទទួល​រៀបចំ​ការប្រកួត​កីឡា​អាស៊ី​ហ្គេម នៅឆ្នាំ ២០១៩ ប្រជាជន​វៀតណាម ជាពិសេស មន្រ្តីរដ្ឋាភិបាល​បាន​អបអរ​ស្វាគម ភ្លូកទឹក ភ្លូកដី។ វៀតណាម​បាន​ផ្តួល​ឥណ្ឌូណេស៊ី ដោយ​ទទួល​បាន​ការបោះឆ្នោត​ជ្រើសរើស​ឲ្យ​ទទួល​ធ្វើ​កីឡា​អាស៊ី​ហ្គេម។ កាលណោះ រដ្ឋាភិបាល​ត្រេកអរ និង​សង្ឃឹមថា ការរៀបចំ​ប្រកួត​កីឡា​អាស៊ី​ហ្គេម​នឹង​ជា​ឱកាស​សម្រាប់​កែលម្អ អភិវឌ្ឍ ហេដ្ឋារចនា​សម្ព័ន្ធ​ក្នុង​ស្រុក​វៀតណាម។ ប៉ុន្តែ នៅពីរឆ្នាំ ក្រោយ គឺ​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម ដដែល ដែល​បាន​ជូន​ដំណឹងថា វៀតណាម​ត្រូវ​ដកខ្លួន មិន​ទទួល​រៀបចំការប្រកួត​​កីឡា​​​អាស៊ី​ហ្គេម ទៅតាម​ការគ្រោងទុក នៅឆ្នាំ ២០១៩។
នៅក្នុង​សេចក្តី​ថ្លែងការណ៍ ដែល​ចុះផ្សាយ នៅក្នុង​វិបសៃតិ៍​របស់​រដ្ឋាភិបាល គេ​បាន​សរសេរ​ថា វៀតណាម​នឹង​ធ្វើការ​ជាបន្ទាន់ ជាមួយ​គណៈកម្មាធិការ​អូឡាំពិក​អាស៊ី ដើម្បី​សុំ​ដកខ្លួន មិន​រៀបចំ​កីឡា​អាស៊ី​ហ្គេម។ តាម​សេចក្តី​ថ្លែងការណ៍​ដដែល កង្វះ​បទពិសោធន៍ ក្នុងការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា និង​ផលលំបាក​ក្នុង​ផ្នែក​សេដ្ឋកិច្ច​សង្គម​បច្ចុប្បន្ន គឺ​ជា​ឧបសគ្គ មិន​អាច​ឲ្យ​វៀតណាម​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​ការប្រកួត​កីឡា​អាស៊ី​ហ្គេម។ នៅអនាគត វៀតណាម​នឹង​ទទួល​រៀបចំ​កីឡា​អាស៊ីហ្គេម នៅពេល ពេលវេលា កាលៈទេសៈ​តម្រូវ​ឲ្យ។
តាម​មន្រ្តី​រដ្ឋាភិបាល គេ​ត្រូវ​ការថវិកា​ប្រមាណ ១៥០​លាន​ដុល្លារ សម្រាប់​រៀបចំ កីឡា​អាស៊ីហ្គេម​លើក​ទី ១៨។ នោះ ដោយ​មិន​រួម​បញ្ចូល​ការសាងសង់​ហេដ្ឋា​រចនាសម្ព័ន្ធ និង​សំណង់​ផ្សេងៗទេ។ មន្រ្តីទទួល​បន្ទុក​កីឡា​អូឡាំពិក​វៀតណាម​បាន​ប៉ាន់​ប្រមាណ​ថា កីឡា​អាស៊ីហ្គេម​ដែល​មាន​រយៈពេល ១៦​ថ្ងៃ មាន​តម្លៃ​សរុប​ប្រមាណ ៣០០​លាន​ដុល្លារ។ តម្លៃ​នេះ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កុម្មុយនិស្ត​រួញខ្លួន លែង​ចង់​ទទួល​រៀបចំ កីឡាអាស៊ីហ្គេម។ វិបត្តិ​សេដ្ឋកិច្ច និង​ការចុះអន់ថយ​សមត្ថភាព​របស់​កីឡាករ​រឹត​តែ​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដកខ្លួន។ ជាពិសេស នៅពេល​ដែល​កាសែត​រដ្ឋ ជាច្រើន​បាន​សរសេរ​រិះគន់​ផែនការ​ចំណាយ​លុយ​សន្ធឹកសន្ធាប់ ទៅលើ​កីឡា​អាស៊ីហ្គេម។ កាសែត អ្នកសរសេរ​Blog ជាច្រើន​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្វែរ​ថវិកា​ខាងលើ​សម្រាប់​វិស័យ​ជាអាទិភាព ដូចជា អប់រំ និង​ផ្លូវថ្នល់​ជាដើម។
នៅ​មួយ​រយៈចុងក្រោយនេះ សេដ្ឋកិច្ច​វៀតណាម​ចុះ​អន់ថយ​បន្តិច ដោយសារ​កំណើន​សេដ្ឋកិច្ច​ធ្លាក់ចុះ ដែល​ជាលទ្ធផល​នៃ​អំពើ​ពុករលួយ និង​ការគ្រប់គ្រង​គ្មាន​ប្រសិទ្ធិភាព​ទៅលើ​ក្រុមហ៊ុន​រដ្ឋ។
កីឡា​អាស៊ីហ្គេម​នៅឆ្នាំ នេះ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅជា​ធម្មតា នៅប្រទេស​កូរ៉េខាងត្បូង នៅទីក្រុង​Incheon ចាប់​ពី​ខែ​កញ្ញា ដល់​ខែ តុលា៕
ប្រភពពី វិទ្យុ​បារាំង​អន្តរជាតិ

No comments